Saturday, April 28, 2012

ការពារ​​ជាតិ ស្មើ​លើក​ទី​៥?


ជំនួប​សប្ដាហ៍​ទី​៦​របស់​​ក្រុម​បាត​តារាង បៀលប្រាយ​យូណាយធីត​ ទល់​ក្រុម​​ស្មើ​៤​ប្រកួត​ក្នុង​ចំណោម​៥​ប្រកួត​ ការពារ​ជាតិ​ នឹង​ចាប់​ផ្ដើម​​ឡើង​​​នៅ​​ម៉ោង​២​:៣០​នាទី​ថ្ងៃ​សៅរ៍​ទី​២៨ ​មេសា ​២០១២​ស្អែក..........
​នេះ ខណៈ​​ក្រុម​លេខ​២​ក្នុង​តារាង ណាហ្គាខប ត្រូវ​ប្រជែង​យក​៣​ពិន្ទុ ជាមួយ​ ឆ្លាមសមុទ្រ ម៉ោង​​ ៤:៣០​នាទី។
បៀលប្រាយយូណាយធីត​​ បច្ចុប្បន្ន​កំពុង​​​ស្ថិត​ក្នុង​តំបន់​ដែល​ត្រូវ​កាត់​ចោល​ដោយ​​ប៉ុន្មាន​ប្រកួត​ដើម​រដូវ​កាល​នេះ​តែង​តែ​ចាញ់។ ក្រុម​សាកល​វិទ្យាល័យ​មួយ​នេះ​ជួប​សំណាង​ឈ្នះ​ ២ – ០ លើ​ឆ្លាម​សមុទ្រ​​តែ​នៅ​​ថ្ងៃ​បើក​ឆាក​មួយ​ប្រកួត​គត់ តែ​​រង​គ្រោះ​​​ចាញ់​​ផ្ទួនៗ រហូត​​៤​ប្រកួត​ជាប់​គ្នា​​​រហូត​ធ្វើ​ឲ្យ​លោក មាស សំអឿន កំពុង​​ក្រហម​​ចុង​ច្រមុះ​​មិន​តិច​​ឡើយ​។ ​​ក្នុង​នោះ​​ក៏​មាន​អ្នក​ផ្ញើ​មតិ​​មក​កាន់​​ Sabay និយាយ​ពី​ការ​ធ្លាក់​កូដ​របស់​ក្រុម​មួយ​​នេះ​ដែរ។ ព័ត៌មាន​​​ចេញ​ពី​​ក្លិប​​ឮ​​ល្ហិចល្ហៀង​​ថា​ បៀលប្រាយ ​ទំនង​នឹង​​​សម្លឹង​រក​កីឡាករ​បរទេស​មក​ជួយ​កែប្រែ​ស្ថានការណ៍​ដ៏​អាក្រក់​​ នេះ តែ​ពុំ​​ទាន់​​មាន​ព័ត៌មាន​ច្បាស់​ការ​​​​នៅ​ឡើយ។ ការ​ជួប​ការពារ​ជាតិ​ស្អែក​នេះ​លោក មាស សំអឿន អាច​នឹង​បន្ត​ខក​ចិត្ត​​​ក្នុងការរក​គ្រាប់​បាល់​​ បើ​​សិន​ជា​តំបន់​ប្រយុទ្ធ​​នៅ​តែ​មិន​ស្រួច​ស្រាល់​​ ពី​ព្រោះ​ ​ការ​ពារ​ជាតិ សម្បូរ​​ដោយ​ខ្សែ​ការពារ​ល្អ។
រឹង ប៊ុនហៀង​ អ៊ិន វិរៈ ​ទុយ សំ និង ​ញឹម សុវណ្ណារ៉ា តែង​តែង​ចុច​​ឈ្មោះ​ជា​ខ្សែ​ការពារ​ជម្រើស​ទី​១។  ឈុន សុធារ័ត្ន​  សែម ប៊ុន្នី​ និង​ព្រំ ពុទ្ធសិទ្ធី​ ជា​​សមាជិក​ដែល​តែង​​បង្កើត​សាច់​បាល់​​ដ៏​ស្វិតស្វាញ​នៅ​តំបន់​កណ្ដាល ខណៈ​ ពេជ្រ ស៊ីណា និង ហេង សុខលីនៅ​តែ​​កាន់​​​តួនាទី​ប្រយុទ្ធ​​ដដែល​។ ហែម ស៊ីម៉ៃ មិន​សូវ​​បង្ហាញ​មុខ​​នៅ​ជម្រើស​ដំបូង​ប៉ុន្មាន​ឡើយ ហើយ ​លោក ​មាស សំអឿន តែង​ដាក់​ការ​ទុក​ចិត្ត​លើ​​ សុះ ប្រុសហ៊ីម ជា​អ្នក​ចាំ​ទី​ដៃ​ទី​១។
ងាក​ទៅ ការពារជាតិ ថ្វី​បើ​​ទើប​តែ​ស្គាល់​​ឈ្នះ​​១​ ប្រកួត​ពិត​មែន តែ​ស្ថានភាព​​ក្រុម​ក៏​មិន​គួរឲ្យ​ទុក​ចិត្ត​ប៉ុន្មាន​ដែរ ដោយ​សារ​៥​ប្រកួត​កន្លង​ទៅ​​​​ស្មើ​ដល់​ទៅ​៤​ប្រកួត​ និង​កំពុង​កាន់​​៧​ពិន្ទុ​ក្នុង​ដៃ​។ អ្នក​​​ស្នេហា​បាល់​ទាត់​ជា​ច្រើន​បាន​និយាយ​ថា​ក្រុម​ជើង​ឯក​​ Hun Sen Cup2010 ​នឹង​មិន​អាច​​រក្សា​​កៅអី​ក្របខ័ណ្ឌ​កំពូល​នៅ​រដូវ​កាល​ក្រោយ​បាន​ទេ​បើ​​ ក្រុម​នៅ​តែ​បន្ត​​​ទប់ទល់​យក​មួយ​រួច​ខ្លួន​ដូច​ប៉ុន្មាន​ប្រកួត​មក​នេះ​ នោះ។ យ៉ាង​ណា​ក៏​មាន​អ្នក​គាំទ្រ Sabay ​មួយ​ចំនួន​ផ្សេង​ទៀត​និយាយ​​ផ្ទុយ​ស្រឡះ​វិញ​ថា លទ្ធផល​ស្មើ​​ប៉ុន្មាន​ប្រកួត​​​មុន​ៗ​នេះ ជា​សញ្ញាណ​ល្អ​ទៅ​​វិញ​ទេ ដោយសារ​​ការ​ពារ​ជាតិ​ស្មើ​ ​ជាមួយ​​​ក្រុម​​នៅ​ក្នុង​ចង្កោម​​ក្រុម​​ខ្លាំង​ដូច​ជា បឹងកេត ក្រុម​លេខ​២​ក្នុង​តារាង ណាហ្គាខប និង ក្រុម​កំពូល​តារាង​ ប៉ូលិស ជា​ដើម។ តែ​​គ្រូ​បង្វឹក​​ សួង សួង​ភារម្យ ​និយា​យ​កន្លង​មក​ថា​​នឹង​រៀប​ចំ​ក្រុម​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ។
ខ្សែ​ប្រយុទ្ធ​ស្អែក​​​នេះ​ទំនង​នឹង​​​ប្រើ​ប្រាស់ មាឃ ឆដារ៉ាវុធ ផួង សុខសាន់ណា និង​ អ៊ុង តារា។ ខ្សែ​ការពារ ខែក ខេមរិន្ធ ពុំ តុលា កែ វណ្ណៈ និង ​នេត វាសនា មិន​សូវ​បាត់​មុខ​ពី​ជម្រើស​១១​នាក់​ឡើយ​ ខណៈ​ដែល​​តំបន់​បម្រើ​នៅ​ជឿ​ជាក់​លើ ឈិន ឈឿន អុំ កុម្ភៈ ពៅ ភារិទ្ធ ​និង ​សឹង ចាន់វ៉ាន់ណូ ជា​ដើម។
ជួប​គ្នា​រដូវ​កាល​២០១១
២៩​ ឧសភា ​២០១២ បៀលប្រាយ ២-១ ការពារ​ជាតិ​
៩ ​កក្កដា​ ២០១២​​ ការពារ​ជាតិ ០-៣ បៀលប្រាយ

0 comments:

Post a Comment

Followers

 

Koun Khmer. Copyright 2008 All Rights Reserved Revolution Two Church theme by Brian Gardner Converted into Blogger Template by Bloganol dot com